ថ្មីៗនេះ មានអ្នកកម្សាន្តមួយចំនួន បាននាំគ្នាប្រើប្រាស់កម្មវិធីជំនួយ (Hack Application) ក្នុងការកម្សាន្ត AK Online ដែលជាហេតុធ្វើឲ្យអ្នកកម្សាន្តដ៏ទៃទៀត មិនសប្បាយចិត្តជាមួយនឹងអ្នកប្រើប្រាស់ Hack Application នេះ។ តើអ្នកកម្សាន្តនិយាយពីអ្វីខ្លះ ពីការប្រើប្រាស់ Hack Application នេះ?
ថារិទ្ធិ និស្សិតឆ្នាំទី ២ នៅសាកលវិទ្យាល័យ ន័រតុន បានសំណូមពរឲ្យ Sabay ជួយបិទការប្រើប្រាស់កម្មវិធីជំនួយនេះឲ្យបានឆាប់ៗទៅ ព្រោះថាអត់សូវសប្បាយទេ ពេលមានអ្នកប្រើប្រាស់កម្មវិធីទាំងនេះ។ ថារិទ្ធិ បានបន្តទៀតថា “ធម្មតាការកម្សាន្តគឺតែងតែមានអ្នកខ្លាំង និងខ្សោយ តែបើខ្លាំងដោយប្រើប្រាស់កម្មវិធីជំនួយអញ្ចឹង គឺមិនល្អទេ” ហើយចំពោះរូបគេផ្ទាល់គឺមិនដែលប្រើប្រាស់កម្មវិធីជំនួយអ្វីក្នុង ការកម្សាន្តនោះទេ។
ងាកមករក ថាន់ណាន់ វិញ បានសំដែងពីអារម្មណ៍របស់ខ្លួនថា ពេលមានអ្នកប្រើប្រាស់កម្មវិធីជំនួយច្រើនពេកទៅ ការកម្សាន្តអត់សូវសប្បាយទេ ហើយពេលខ្លះធ្វើឲ្យរូបគេផ្ទាល់មានអារម្មណ៍មួម៉ៅ តែគ្មានមធ្យោបាយអ្វីក្រៅពីទៅកម្សាន្តនៅ Room ផ្សេងទៀតនោះទេ។ លើសពីនេះទៀត ថាន់ណាន់បាននិយាយថា រូបគេផ្ទាល់ និងមិត្តរបស់គេ គឺកម្សាន្តតាមបែបធម្មតា ហើយមិនដែលប្រើប្រាស់កម្មវិធីជំនួយអ្វីនោះទេ។
រីឯអតីតសមាជិករបស់ក្រុម SkylineofSk ដែលបានចុះឈ្មោះប្រកួត AK Online កាលពីឆ្នាំមុនវិញ បានបង្ហាញពីមតិរបស់ខ្លួនថា បច្ចុប្បន្នរូបគេផ្ទាល់មិនសូវចូលទៅកម្សាន្តសេវាកម្សាន្ត AK Online នោះទេ ខណៈពេលដែលមានគេប្រើប្រាស់កម្មវិធីជំនួយក្នុងការកម្សាន្តមានការ កើនឡើង។ បន្តមកទៀត រូបគេបានបន្ថែមទៀតថា មិនដឹងថាអ្នកកម្សាន្តទាំងនោះ បានកម្មវិធីទាំងនោះមកពីណានោះទេ ហើយជារឿយៗគេតែឃើញគេប្រកាសលក់នៅក្នុងបន្ទប់ជជែកកម្សាន្តនៃ សេវាកម្សាន្ត AK Online។
ចំណែកឯលោក ណាំ សុធា ប្រធានក្រុមដឹកនាំដំណើរការសេវាកម្សាន្ត AK Online បាននិយាយថា “យើងនឹងបិទការប្រើប្រាស់កម្មវិធីជំនួយនេះ (Hack Application) នៅខែមេសាខាងមុខ ហើយសង្ឃឹមថាយើងនឹងទទួលជោគជ័យ ១០០ ភាគរយ ” ។ លោក សុធា សង្កត់ធ្ងន់ទៅលើអ្នកប្រើប្រាស់កម្មវិធីជំនួយនេះថា ភាគច្រើនពួកគាត់ចង់បានតួអង្គរបស់គាត់សាហាវ ហើយខ្លាំង ប៉ុន្តែការប្រើប្រាស់នេះ អាចធ្វើឲ្យប៉ះពាល់ទឹកចិត្តអ្នកកម្សាន្តផ្សេងទៀតមានអារម្មណ៍ថា មិនបានទទួលភាពសប្បាយរីករាយទាល់តែសោះ។
ការប្រើប្រាស់កម្មវិធីជំនួយក្នុងការ កម្សាន្តសេវាកម្សាន្ត AK Online គឺជាការកម្សាន្តមួយដែលធ្វើឲ្យ តួអង្គមានសមត្ថភាពហួសពីការកំណត់របស់ System នៃសេវាកម្សាន្តមួយនេះ ដូចជា តួអង្គមានសមត្ថភាពអាចលោតបានខ្ពស់ អាចហោះបានជាដើម។ មូលហេតុទាំងនេះ ហើយដែលធ្វើឲ្យអ្នកកម្សាន្តស្លូតត្រង់មួយចំនួន មិនសប្បាយចិត្តនឹងការកម្សាន្តបែបនេះ។
ប្រភពពី sabay