Angry Birds គឺជាវីដេអូហ្គេមកំពុងទទួលបានប្រជាប្រិយភាពបំផុតដែលអាចលេងបានលើ platform ជាច្រើនដូចជា៖ កុំព្យូទ័រ, iOS, Android ជាដើម។ តែអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ ថ្មីៗនេះ Developer Angry Birds របស់ក្រុមហ៊ុន Rovio បាននាំយកហ្គេមនេះមកលេងនៅក្នុងសួនកុមារវិញម្ដង។ នេះដោយយោងតាមគេហទំព័រ geeky-gadgetsដែលបានចុះផ្សាយកាលពីល្ងាចម្សិលមិញ។
សួនកុមារAngry Birds នេះគឺបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់ កុមារតូចៗក៏ដូចជាមិត្តយុវវ័យដែលស្រឡាញ់និងចូលចិត្តហ្គេមមួយ នេះ។ សួនកម្សាន្តថ្មីនេះនឹងបំពាក់មកជាមួយ៖ ទោងយោល, ក្ដាររំអិល និងឧបករណ៍កម្សាន្តដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតសម្រាប់ឲ្យ កុមារលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ។
ប្រភពខាងលើបានឲ្យដឹងថាសួនកម្សាន្ត Angry Birds ដំបូងបំផុតនឹងចាប់ផ្ដើមសាងសង់នៅក្នុងប្រទេសហ្វាំងឡង់នារដូវក្ដៅនេះរួចបន្តទៅចក្រភពអង់គ្លេស តែបច្ចុប្បន្ននេះពុំមានការបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងទទួលបានសួនកម្សាន្តនេះឬយ៉ាងណានៅឡើយទេ។គួររំលឹកថា កាលពីឆ្នាំមុនប្រទេសចិនបានបើកសួនកុមារ Angry Birds មួយដែរ តែជាសួនដែលមិនទាន់បានទទួលសិទ្ធិពីក្រុមហ៊ុន Rovio នោះទេក៏ប៉ុន្តែសួននេះនឹងទទួលបានសិទ្ធិជាផ្លូវការក្នុងពេល ឆាប់ៗនេះ៕
ប្រភពនិងរូបភាព៖ geeky-gadgets