នាពេលថ្មីៗនេះ មានគេហទំព័រព័ត៌មានជាច្រើនបានចុះផ្សាយ ពី រូបភាពបាតុភូតចម្លែកនៅប្រាសាទពីរ៉ាមីតមួយរបស់ ជន ជាតិម៉ាយ៉ា (Mayan)។ រូបភាពនោះ បង្ហាញពី ពន្លឺជះចេញពីកំពូលប្រាសាទ El Castillo ទៅលើមេឃ ដែលអ្នកខ្លះថា ជាសញ្ញាទំនាក់ទំនងរវាងព្រះ Kukulkan មកកាន់ជនជាតិម៉ាយ៉ា។
លោក Hector Siliezar បានថតរូបប្រាសាទ El Castillo នៅថ្ងៃទី២៤ កក្កដា ២០០៩ តាម iPhone ពេលមានផ្គរ និងផ្លេកបន្ទោរ
លោក Hector Siliezar បានថតរូបកូនស្រីរបស់លោក នៅខាងមុខប្រាសាទនេះ នៅថ្ងៃទី២៤ កក្កដា ២០០៩ តាម iPhone ពេលមានផ្គរ និងផ្លេកបន្ទោរ
រូបភាពនេះថត ដោយលោក Hector Siliezar ដែលទៅទេសចរណ៍នៅទីក្រុង Chichen Itza ដែលជាទីក្រុងបុរាណរបស់ជនជាតិម៉ាយ៉ា ជាមួយប្រពន្ធ និងកូនកាលពីឆ្នាំ ២០០៩ ហើយលោកបានថតរូបប្រាសាទពីរ៉ាមីតមួយនេះ ៣ រូប តាមរយៈទូរស័ព្ទ iPhone។ លោកព្យាយាមថតរូប ដោយចាប់យករូបភាព មានពន្លឺផ្លេកបន្ទោរកាត់ពន្លឺប្រាសាទបុរាណមួយនេះ ព្រោះពេលនោះមានផ្គរ និងផ្លេកបន្ទោរកើតឡើង។រូបភាពទី១ និងទី២ មានពពកខ្មៅងងឹតនៅពីលើប្រាសាទនេះ ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ។ ប៉ុន្តែ រូបភាពទី៣ មានកាំពន្លឺពណ៌ផ្កាឈូកស្រាល ជះចេញពីកំពូលប្រាសាទទៅលើមេឃ និងមានផ្លេកបន្ទោរនៅពីក្រោយកាំពន្លឺនេះ។
លោក Siliezar ទើបតែផ្ញើរូបភាពនេះនាពេលថ្មីៗទៅកាន់គេហទំព័រ Earthfiles.com និងដោយប្រាប់ថា លោក និងគ្រួសារលោកមិនបានឃើញពន្លឺនេះផ្ទាល់ភ្នែកនោះទេ។ ពន្លឺនេះមើលឃើញក្នុងកាម៉ារ៉ាប៉ុណ្ណោះ។
រូបភាពនេះ បានក្លាយជាប្រធានបទលើវេទិកា ម៉ាយ៉ាជាច្រើន ដែលពិភាក្សាពីថ្ងៃអវសាន នៃពិភពលោក ដោយពួកគេចាត់ទុកថា ពន្លឺនោះ គឺជាសញ្ញាមកពីព្រះ ពោលគឺជាការព្រមានពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ ដែលជាថ្ងៃចុងបញ្ចប់នៃវដ្ដប្រតិទិនរបស់ជនជាតិម៉ាយ៉ា ដែលមានន័យថាជា ចុងបញ្ចប់នៃពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកជំនាញខាងបច្ចេកទេសរូបភាព បានបកស្រាយពីបាតុភូតក្នុងរូបភាពនេះផងដែរ។ យោងតាមលោក Jonathon Hill អ្នកបច្ចេកទេសស្រាវជ្រាវ និងអ្នកធ្វើគម្រោងបេសកម្មនៅមជ្ឈមណ្ឌលអវកាសភពអង្គារ នៅសាកលវិទ្យាល័យរដ្ឋ Arizona បានបកស្រាយថា វាបណ្តាលមកពីកាម៉ារ៉ាក្នុង iPhone ប៉ុណ្ណោះ។ លោកបកស្រាយថា បណ្តុំនៃពន្លឺផ្លេកបន្ទោរខ្លាំង ទំនងជាបណ្តាលឲ្យប្រព័ន្ធ sensor CCD របស់កាម៉ារ៉ា មានលក្ខណៈខុសប្រក្រតី ឬមានពន្លឺផ្លាតខាងក្នុងកញ្ចក់កាម៉ារ៉ា (lens)។ ទោះបីជាបញ្ហាកំហុសឆ្គងកាម៉ារ៉ាក៏ដោយ លោក Hill និយាយថា វានៅតែជារូបភាពដ៏អស្ចារ្យ។
រូបប្រាសាទ El Castillo ចេញពន្លឺបាញ់ទៅលើមេឃ ពេលផ្គរ និងផ្លេកបន្ទោរកើតឡើង
សូមមើលវីដេអូ ក្លីបខ្លីនេះ៖
ប្រភពពី : sabay