គេហទំព័រ slashgear បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះថាក្រុមហ៊ុន Nokia គ្រោងនាំយក device ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ខ្លួនទៅដាក់លក់នៅប្រទេសចិននាថ្ងៃទី ២៨ខែមិនាខាងមុខនេះហើយបន្ទាប់ពីទទួលបានជោគជ័យគួរជាទីមោទនៈនៅអឺរ៉ុបនិងអាមេរិក។
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យ ដឹងថាក្រុមហ៊ុន Nokia បានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទធំៗទាំងបីរបស់ ប្រទេសចិនដែលមានដូចជា៖ China Unicom, China Telecomនិង China Mobile រួចរាល់ហើយ នៅចាំតែថ្ងៃដែលប្រកាសចេញលក់ជាផ្លូវការនោះទេ។
ទូរស័ព្ទ Lumia ដំបូងគេនឹងចាប់ផ្ដើមដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ២៨ខែមិនា តែមិនទាន់ប្រាកដថា Lumiaម៉ូដែលណាមួយនៅឡើយទេដែលនឹងត្រៀមបង្ហាញខ្លួននោះ។ ថ្វីបើការចេញលក់ Windows Phone នៅអាមេរិកមានការយឺតយ៉ាវកាលពីឆ្នាំមុននិងពន្យាររហូតដល់ដើម ឆ្នាំ២០១២ នៅសហរដ្ឋអាមេរិកក៏ដោយក៏ក្រុមហ៊ុន Nokia នៅតែអាចដណ្ដើមយកដំណែងលេខ១ខាងលក់ Windows Phone បាន។ ដែលនេះជាកម្លាំងមួយជួយជំរុញក្រុមហ៊ុនមួយនេះបន្តយកជ័យជំនះនៅក្នុងទីផ្សារដ៏ធំនៅក្នុងប្រទេសចិនបន្តទៀត។
គួររំលឹកថាកាលពីខែមុនក្រុមហ៊ុន Strategy Analytics បានចេញរបាយការណ៍មួយថាNokia គឺជាអ្នកលក់ device ប្រើWindows Phoneនាំមុខគេក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១១ បន្ទាប់ពីក្រុមហ៊ុននេះបានចេញលក់device ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ខ្លួនបានជិត៩សែនគ្រឿងក្នុងរយៈពេល៣ខែ៕
ប្រភពនិងរូបភាព៖ slashgear